ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការរដ្ឋាននគរបាលជាតិកម្ពុជាបានអះអានឹងបញ្ជាក់ច្បាស់ៗថា គ្រឿងញៀនជាង ១.៣តោន ដែលត្រូវបានវិចខ្ចប់ក្នុងប៉ាវអង្ករខ្មែរ ហើយត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីចាប់បាននោះ មិនមែន នាំចេញពីកម្ពុជានោះទេ។ ដោយផ្អែកការស្រាវជ្រាវយ៉ាងម៉ត់ចត់ របស់មន្ត្រីនគរបាលជំនាញរបស់កម្ពុជាគ្រឿងញៀនទាំងនោះនាំចេញពីតំបន់ត្រីកោណមាស ទៅប្រទេសថៃ តាមច្រកសមុទ្រ មុនទៅដល់ឥណ្ឌូនេស៊ី។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានគូសបញ្ជាក់ថា ចំពោះប៉ាវអង្ករដែលដាក់គ្រឿងញៀនមានអក្សរខ្មែរនោះ គឺពួកឧក្រិដ្ឋជនអាចទិញពីព្រំដែនកម្ពុជា-ថៃ ឬត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ ហើយយកទៅដាក់គ្រឿងញៀននោះ ដើម្បីទម្លាក់កំហុសដាក់ ឬសំអុយឈ្មោះប្រទេសកម្ពុជាតែប៉ុណ្ណោះ៕







