នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការគរបាលខណ្ឌសែនសុខ បានអនុញ្ញាតអោយប៉ុស្តិ៍នគរបាលគោកឃ្លាង ធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលពត៏មាន និងទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ខុម កក្កដា ភេទប្រុស ថាខ្លួនបានទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២៦ ស្លាកលេខ ភ្នំពេញ ១MO-២៤៨៥ ទុកនៅបរិវេណបន្ទប់ជួល កន្លែងដាក់ម៉ូតូ ជាន់ផ្ទាល់ដី ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានចាក់សោរករម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះឡើងទៅបន្ទប់ជួល ជាន់ទី៣ សម្រាក លុះព្រឹកឡើងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៦ និង៣០នាទី ជនរងគ្រោះចេញបន្ទប់ ចុះមកយកម៉ូតូជិះទៅធ្វើការ ក៏ឃើញបាត់ រួចបន្ទាប់មក ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។ ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ច សហការជាមួយជនរងគ្រោះ ឆែកប្រព័ន្ធជីភីអេសលើម៉ូតូម៉ាកហុងដាឌ្រីម ឃើញគោលដៅនៅស្រុកលើកដែក ខេត្តកណ្តាល ហើយសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាង និងផ្នែកជំនាញ បានឡើងទៅសហការជាមួយសមត្ថកិច្ចស្រុកលើកដែក ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សួន សារ៉េត ភេទប្រុស ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម(របស់ជនរងគ្រោះ) យកមកសាកសួរ នៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ សួន សារ៉េត បានសារភាពសារភាពថា ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីម(ខាងលើ របស់ជនរងគ្រោះ) នៅចំណុចបរិវេណបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយបានយកម៉ូតូ ទៅដោះគ្រឿងម៉ូតូលក់ ១,កុងទ័រម៉ូតូ លក់បានតម្លៃ៤០ដុល្លារ ២,កាំងម៉ូតូ បាន៣០ដុល្លារ ៣,ម៉ាស៊ីន បាន៩ដុល្លារ ៤,ដែកជើងទម្រម៉ូតូ បាន៥ដុល្លារ សរុប៨០ដុល្លារ ដោយលក់ឱ្យមនុស្សប្រុស០១នាក់(មិនស្គាល់ឈ្មោះ) អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ នៅឃុំជ្រោយតាកែវ ។
សន្និដ្ឋាន យោងតាមពាក្យបណ្តឹងជនរងគ្រោះ វត្ថុតាងដកហូតបាន ការឃាត់ខ្លួនជនសង្ស័យ ចម្លើយសារភាពរបស់ជនសង្ស័យ អំពើខាងលើ ពិតជា អំពើ លួច(លួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម) ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕





