រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្តដឹកទំនិញ ធ្វើដំណើរពីខេត្តមកកាន់រាជធានីភ្នំពេញ តាមផ្លូវងងុយគេងធ្លាក់ភ្នែក ក៏បានរេចង្កូតបុកក្បាលនាគពុះចែកគល់ស្ពានអាកាស៥មករា បណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ។
ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ខាងលិចស្ពានអាកាស៥មករា មូលដ្ឋានសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីតៃកុងរថយន្តបានឲ្យដឹងថា ៖ មុនពេលកើតហេតុ គាត់បានបើកបររថយន្តដឹកទំនិញរបស់ក្រុមហ៊ុនឯកជនវីរៈប៊ុនថាំ ដែលមានស្លាកលេខ ភ្នំពេញ3G-3273 ដោយបើកបរពីខេត្តមកកាន់ទីក្រុងភ្នំពេញ ។ លុះបើកបរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត មកដល់ចំណុចគល់ស្ពានអាកាស៥មករា ក៏បានងងុយគេងនិងធ្លាក់ភ្នែកដោយមិនដឹងខ្លួន ធ្វើអោយងោកមួយភាំងរេចង្កូតរថយន្ត ជ្រុលទៅបុកក្បាលនាគពុះចែកគល់ស្ពានអាកាសតែម្តង ។
បុរសតៃកុងរថយន្តបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គាត់រងរបួសជើងបន្តិចបន្តួច ប៉ុន្តែមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។ ជាក់ស្តែងរថយន្តខាងលើ ត្រូវបានរងការខូចខាត១កំណាត់ផ្នែកខាងមុខ បន្ទាប់ពីបុកពេញទំហឹង ខណ:ក្បាលនាគពុះចែកគល់ស្ពាន ត្រូវបានរងការខូចខាតគួរសម ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕







