(ភ្នំពេញ)៖ ទីតាំងល្បែងឡូតូអនឡាញ (លាភមហាសម្បត្តិ-សញ្ញាដុំមាស) ល្មើសច្បាប់ដុះស្លែមួយកន្លែង ដែលបាននឹងកំពុងបន្តសង្ងំបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងគគ្លើន និងយ៉ាងសប្បាយរីករាយជារៀងរាល់ថ្ងៃ និងកើតឡើងជាច្រើនខែ និងច្រើនឆ្នាំមកហើយដែរ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះឡើយ ឋិតនៅកែងផ្លូវបេតុង ដែលមានម្ចាស់ផ្ទះឈ្មោះ បញ្ញា ក្នុងបុរីសន្តិភាព២ ក្រុម៦ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាមួយការបើកដោយចំហ ឫលួចបើកល្បែងឡូតូអនឡាញល្មើសច្បាប់ខាងលើនេះ ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្បែងទីតាំងផ្ទាល់ ដោយស្នើសុំមិនបញ្ចេញឈ្មោះ តាមរយៈបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមផ្សេងទៀត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សូមសំណូមពរយ៉ាងទទូចដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ លោកស្រី យ៉ង់ សំអឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី២ និងលោកអនុសេនីយ៍ទោ ហាស់ បញ្ញា នាយប៉ុស្ដិ៍ ជួយចុះពិនិត្យ និងចាត់វិធានការបង្ក្រាបដោយធ្វើកំណត់ហេតុ ឫកិច្ចសន្យាបិទចោលទាំងស្រុង និងកុំឱ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាព សម្រាប់ការចូលរួមអនុវត្តនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។
ប្រជាពលរដ្ឋដដែល បានខ្សឹបប្រាប់ថា បើក្នុងករណីមិនមានការបង្ការ ទប់ស្កាត់ ឫបង្ក្រាបចំពោះទីតាំងល្បែងឡូតូ ក៏ដូចជាប្រភេទល្បែង ដែលល្មើសច្បាប់ផ្សេងៗទៀតនោះទេ ច្បាស់ណាស់នៅក្នុងមូលដ្ឋាន ប្រាកដជាបង្កឱ្យកើតមាននូវបទល្មើសចោរកម្មផ្សេងៗមិនខានឡើយ ដូចជាអំពើ លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ ប្រជាពលរដ្ឋសង្ស័យថា ប្រហែលជាលោក សក់ ច័ន្ទកញ្ញារិទ្ធ ពុំទាន់បានជ្រាបនៅឡើយទេ ទើបទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់នេះ អាចបើកដោយចំហ ឫសង្ងំលួចបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសប្បាយ និងយ៉ាងគគ្លើន ក្នុងការប្រមូលលុយពីអ្នកញៀនល្បែងរាល់ថ្ងៃបែបនេះបាន ដែលបានកើតឡើងច្រើនខែ និងច្រើនឆ្នាំមកហើយ «ដុះស្លែ» ដោយពុំទាន់ឃើញកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះចាត់វិធានការបង្ការ ទប់ស្កាត់ ឫបង្ក្រាបបិទចោលទាំងស្រុងនោះឡើយ។
ប្រជាពលរដ្ឋសង្ស័យទៀតថា ប្រសិនជា លោក សក់ ច័ន្ទកញ្ញារិទ្ធ ពិតជាបានដឹងអំពីទីតាំងប្រព្រឹត្តល្បែងឡូតូអនឡាញល្មើសច្បាប់នេះ ពិតប្រាកដមែន នោះលោកមិនព្រងើយកណ្តើយនោះទេ ពោលគឺប្រាកដជាបង្ក្រាប ឫធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលជាក់ជាពុំខានឡើយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ចេញនូវផែនការសំខាន់ៗ ពិសេសឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានដូចជា ឡូតូអនឡាញ កន្ទុយលេខ អាប៉ោង បៀរ និងជល់មាន់ ជាដើម ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕





