ជាមួយការបើកដោយចំហ ឫលួចបើកល្បែងជល់មាន់តាមអនឡាញល្មើសច្បាប់មួយកន្លែងខាងលើនេះ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ សូមសំណូមពរជាថ្មីដល់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង និងកុំឱ្យមានបើក ឫលួចបើកឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចមបង្កឱ្យកើតមានអំពើចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
សម្រាប់សំណូមពរនេះដែរធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានសំណូមពរ២ទៅ៣លើករួចមកហើយដែរ តាមរយៈប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាម និងគ្មានចំណាត់ការទាល់តែសោះ ហើយបានត្រឹមចូលមើល និងឆ្លើយតបយ៉ាងខ្លីថា «ទទួលបានអរគុណច្រើន» ពីសំណាក់លោក លីម សុភា អភិបាល និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ និង «សូមអរគុណសម្រាប់ព័ត៌មាន ខ្ញុំនឹងឲ្យជំនាញមានចំណាត់ការ» ពីលោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌ ខណៈមិនមានការឆ្លើយតបនោះទេសម្រាប់ លោក អឿ ស៊ីផុន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ព្រែកតាសេក និងលោកវរសេនីយ៍ត្រី ម៉េង សារ៉ាត់ នាយបុស្ដិ៍។
យ៉ាងណាក៏ដោយ សំណូមពរជាបន្តបន្ទាប់នេះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯកស្នងការ ប្រាកដជាចាត់វិធានការតាមរយៈការចេញបញ្ជា ឫចាត់ឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាប ឫធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ៕







