ភ្នំពេញ៖ រលកនៃរឿងអាស្រូវកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្នុងរង្វង់អាជីវករនាំចូលទូរស័ព្ទដៃ បន្ទាប់ពីលោក ផែង វណ្ណៈ បានចេញមុខទម្លាយជាសាធារណៈនូវការត្អូញត្អែរ និងការក្តៅក្រហាយរបស់ក្រុមអាជីវករ ពាក់ព័ន្ធនឹងសកម្មភាពរំខានពីសំណាក់មន្ត្រីគយរាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក ភេ សុមុនី។
ចំណុចក្តៅនៃបាតុភូតនេះ៖ ក្រុមអាជីវករបានអះអាងថា ទោះបីជាពួកគេបានបង់ពន្ធនាំចូលគ្រប់ចំនួន និងបានបង្ហាញក្រដាសពន្ធផ្លូវការយ៉ាងណាក៏ដោយ ក៏មន្ត្រីគយមួយចំនួននៅតែ "មិនខ្ចីមើល" ហើយប្រកែកទាមទារតែនាំទំនិញទៅកាន់ទីស្នាក់ការគយតែប៉ុណ្ណោះ។
សកម្មភាពស្ទាក់ចាប់ និងឆែកឆេររបៀបនេះ កំពុងបង្កើតជាសម្ពាធ និងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ដំណើរការអាជីវកម្មស្របច្បាប់។ជុំវិញករណីនេះ លោក ផែង វណ្ណៈ បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា លោកគាំទ្រពេញទំហឹងចំពោះវិធានការរឹតបន្តឹង និងបង្ក្រាបទំនិញគេចពន្ធដើម្បីការពារចំណូលរដ្ឋ ប៉ុន្តែលោក "ដាច់ខាតមិនគាំទ្រទង្វើរបស់មន្ត្រីគយមួយចំនួនតូច ដែលដើររំខាន និងធ្វើទុក្ខបុកម្នេញលើអាជីវកររកស៊ីត្រឹមត្រូវនោះឡើយ"។
ជាមួយគ្នានេះ លោកក៏បានផ្ញើសារទាមទារ និងស្នើដោយទទូចទៅកាន់ លោក ភេ សុមុនី មេគយរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើល និងកែសម្រួលសកម្មភាពរបស់មន្ត្រីក្រោមឱវាទខ្លួនជាបន្ទាន់ ដើម្បីជៀសវាងការប៉ះពាល់ដល់ប្រជាអាជីវករដែលខិតខំបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវ។៕




