រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយនារីម្នាក់បើករថយន្តបុកមនុស្សបណ្តាលឱ្យស្លាប់ ពេលនេះត្រូវបានក្រុមគ្រួសារនាំខ្លួនជនបង្កយកមកប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។
យោងតាមការបញ្ជាក់ឱ្យដឹងពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរលើបណ្តាញសង្គមថា៖
> «ខ្ញុំបាទសូមអរគុណ ដល់លោកឧកញ៉ាបានសហការជាមួយខ្ញុំតាមរកកូនស្រីប្រគល់មកជំនាញផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីអនុវត្តតាមផ្លូវច្បាប់ (តាមសំណូមពររបស់ខ្ញុំ)»។
គួររំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងដោយស្ត្រីអ្នកបើករថយន្តឈ្មោះ សាម ម៉ីជូ។ បន្ទាប់ពីកើតហេតុការណ៍បុកមនុស្សបណ្តាលឱ្យបាត់បង់ជីវិតរួចមក រឿងរ៉ាវនេះបានទាក់ទាញអារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងមានការអំពាវនាវពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឱ្យចូលខ្លួនមកទទួលខុសត្រូវ។
ជាលទ្ធផល ដោយមានកិច្ចសហការ និងការយោគយល់តាមសំណូមពររបស់លោកស្នងការ ក្រុមគ្រួសាររបស់ជនបង្ក (លោកឧកញ៉ាត្រូវជាឪពុក) បានសម្រេចចិត្តនាំខ្លួនកូនស្រីឈ្មោះ សាម ម៉ីជូ មកប្រគល់ជូនសមត្ថកិច្ចផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ជាធរមាន៕




