(ខេត្តតាកែវ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅជនសង្ស័យម្នាក់ឈ្មោះ ឡោ ជំនិត ជាអភិបាលរងស្រុកបាទី ឱ្យចូលខ្លួនមកកាន់សាលាដំបូងខេត្ត ដើម្បីសាកសួរដេញដោលជុំវិញបណ្តឹងព្រហ្មទណ្ឌពីបទ «រំលោភលើទំនុកចិត្ត» ដែលបានកើតឡើងនៅក្នុងក្រុងដូនកែវ។
យោងតាមដីកាកោះផ្លូវការរបស់សាលាដំបូងខេត្តតាកែវដែលទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ជនសង្ស័យត្រូវកោះហៅមានឈ្មោះ ឡោ ជំនិត ភេទប្រុស កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៧៨ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
នៅក្នុងដីការដដែលនោះបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡោ ជំនិត ត្រូវចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក ដើម្បីឆ្លើយបំភ្លឺលើអង្គហេតុ៖«រំលោភលើទំនុកចិត្ត» នៅចំណុចភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តឹងរបស់ឈ្មោះ ដួង ស្រីលក្ខណ៍»។
បច្ចុប្បន្ន ឯកសារផ្លូវការនេះត្រូវបានអាជ្ញាធរប្រគល់ជូនដល់សាមីខ្លួនរួចរាល់ហើយ ដើម្បីធានាថាជនពាក់ព័ន្ធបានទទួលជ្រាប និងត្រូវចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់ជាធរមាន៕




