រាជធានីភ្នំពេញ : នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវលោក លី គួង អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ។
ជនជាប់រូបនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសរួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សូមបញ្ជាក់ផងដែរថា ជនជាប់ចោទរូបនេះ ល្បីល្បាញថា បានកាងនូវបទល្មើសជាច្រើន នៅតាមព្រំដែន ពាក់ព័ន្ធនឹងបទល្មើស Online Scams ។ គួររំលឹកផងដែរថា បទល្មើស online scams រាជរដ្ឋាភិបាលកម្ពុជាកំពុងមានវិធានការយ៉ាងតឹងរឹង ដើម្បីកំចាត់ឲ្យអស់នូវបទល្មើស online scams ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមតំបន់ព្រំដែន៕



