ខេត្តកំពង់ស្ពឺ៖ កាលពីពេលថ្មីៗនេះគេឃើញមានអង្គាភាពសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយនៅបណ្តាញសង្គម នូវរឿងរ៉ាវដ៏គួរឱ្យសង្វេគ និងអយុត្តិធម៌បំផុតមួយ ដែលកំពុងកើតឡើងទៅលើអ្នកវិនិយោគទុនបរទេសដែលបានលះបង់ទុនរាប់លានដុល្លារមករួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រហូតទទួលបានសញ្ជាតិខ្មែរ ប៉ុន្តែ! ចុងក្រោយបែរជារងភាពអយុត្តិធម៌ ដីស្របច្បាប់(ប្លង់រឹង) របស់លោក មានអ្នករំលោភយក ស្ថិតនៅភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ថ្មីៗនេះគេឃើញមានលិខិតមួយច្បាប់ របស់អ្នកវិនិយោគិនមកពីប្រទេសចិនបានបន្តស្រែករកយុត្តិធម៌ និងបានដាក់ ពាក្យបណ្តឹងសុំអន្តរាគមន៍ ចូលទៅតាមរយៈរដ្ឋបាលខេត្តកំពង់ស្ពឺ លេខ ២៣៩៦ ចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លេលា ម៉ោង១១.០០ នាទី គោរពស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ដែលមាននូវ៖ ពាក្យបណ្តឹងសុំអន្តរាគមន៍ ក្នុងខ្លឹមសាបណ្តឹងទាំងស្រុងដូចតទៅ ។
ខ្ញុំបាទឈ្មោះ ឈ្មោះ ឆឹង សឺហ្វីង កើតឆ្នាំ១៩៦៧ខែមីនាថ្ងៃទី២៧ ជនជាតិចិន សញ្ជាតិខ្មែរ កាន់អត្ត សញ្ញាណប័ណ្ណលេខ៖ ០១១៣៦៤៨៦៣ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ៥១៤ ផ្លូវ៤៣ ភូមិស្បែកព្រាលឃុំត្រែង ត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានមេធាវីតំណាង លេខទំនាក់ទំនង៖ ០១២ ៧៧២ ៧៧១។
សូមគោរពជូន ឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងករណីសុំ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាក្រសួងដែន ដីបានចេញប្រកាសយកដីរបស់ខ្ញុំបាទចំនួន ០៤ ក្បាលដី ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុរួម មានក្បាលដីលេខ ០៥០៦១៣០៩-០៥១៤, ០៥០៦១៣០៩- ០៥១៥, ០៥០៦១៣០៩- ០៥១៦ និងក្បាលដីលេខ ០៥០៦១៣០៩- ០៥១៧ មានទំហំសរុប (៣៤០,៨០២ ម៉ែត្រការ៉េ) ដែលមានទីតាំងស្ថិតនៅភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ទៅអោយ ឈ្មោះ លឹម សូរីតា ភេទស្រី ជាភរិយារបស់ឈ្មោះ ប៉េង ពោធ៌នា។ យោង៖ -លិខិតរបស់ក្រសួងដែនដីលេខ ២៨៣ដនស/ខុទ្ទ.ចុះថ្ងៃទី ០៣ ខែកុម្ភៈ ២០២៦។
សេចក្តីជម្រាបជូនក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសូមជម្រាបជូន ឯកឧត្តម បណ្ឌិត អភិបាលខេត្ត មេត្តាជ្រាបថាៈ ខ្ញុំបាទបានធ្វើការទិញដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្បាលដីទាំង ៤ ខាងលើ រួមមាន ក្បាលដីលេខ ០៥១៤, ០៥១៥, ០៥១៦ និងក្បាលដីលេខ ០៥១៧ មានទីតាំងស្ថិតនៅភូមិ ស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីឈ្មោះទឹង ចាន់ណា ដែលមានកិច្ចសន្យាលក់ផ្តាច់ចុះ លេខ ៣២៩/២៣ ត.យ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយមានមេឃុំត្រែងត្រយឹងបានទទួលស្គាល់ការចុះហត្ថលេខាដឹងឮ និងចុះលេខារដ្ឋបាលត្រឹមត្រូវ ក្នុងតម្លៃ USD៨២៧,៦៤០ (ប៉ែតសិបពីរម៉ឺនប្រាំពីរពាន់ប្រាំមួយរយសែសិប) ដុល្លារអាមេរិក ក្រោយមកក៏បានធ្វើការចុះបញ្ជីរកម្មសិទ្ធិរួចរាល់មកឈ្មោះរបស់ខ្ញុំបាទផងដែរ។ លុះក្រោយមកអំឡុង ឆ្នាំ២០២៤ ស្រាប់តែខ្ញុំបាទទទួលបានដំណឹងពីសាលាដំបូងខេត្តកំពង់ស្ពឺថា ដីរបស់ខ្ញុំបាទទាំង៤ក្បាលដីខាងលើនេះ រងការប្តឹងទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីធ្វើការរក្សាការពារលើដីរបស់ខ្ញុំបាទទាំង៤ក្បាលដីដោយល មានឈ្មោះ លឹម សូរីតា ជាម្ចាស់បំណុលរក្សាការពារលើដីការរក្សាការពារលេខ ១៤៥ (ក) ចុះថ្ងៃទី១១ខែមីនា ឆ្នាំ២០២៤ និងបានអនុវត្តចុះបញ្ជីរឹបអូសរួចហើយទៀតស្រេចទៀត ក្រោយមកខ្ញុំបាទក៏ធ្វើការប្តឹងតវ៉ា នឹងដីកាសម្រេច រក្សាការពារនេះ រហូតមកទល់បច្ចុប្បន្ន ។
បច្ចុប្បន្ននេះខ្ញុំបាទទើបតែបានដឹងថាដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្បាលដីទាំង៤ ខាង លើ រួមមាន ក្បាលដីលេខ ០៥១៤, ០៥១៥, ០៥១៦ និងក្បាលដីលេខ ០៥១៧ មានទីតាំងស្ថិតនៅភូមិស្បែក ព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលខ្ញុំបាទបានទិញពីឈ្មោះទឹង ចាន់ណា នោះបច្ចុប្បន្នបែរជា ចេញព័ត៌មានទិន្នន័យជាដីកម្មសិទ្ធិរបស់ឈ្មោះ លឹម សូរីតា ទៅវិញ។ ក្រោយមកខ្ញុំបាទបានធ្វើការសាកសួរពត៌មាន ពីខាងមន្ត្រីមានសមត្ថកិច្ចទើបបានទទួលពត៌មានថា ដីរបស់ខ្ញុំបាទត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញនៅលិខិតលេខ ២៨៣ដនស/ខុទ្ទ.ចុះថ្ងៃទី ០៣ ខែកុម្ភៈ ២០២៦ ដែលមានខ្លឹមសារសម្រេចមោឃៈ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីទាំង៤របស់ខ្ញុំបាទ ដោយសំអាងថាការកសាងបណ្ណ័ខុសនីតិវិធី ហើយបង្គាប់ ឲ្យមន្ទីរសូរិយោដីខេត្តកំពង់ស្ពឺធ្វើការចេញបណ្ណឲ្យឈ្មោះ លឹម សូរីតា វិញ ដែលជាភាពអយុត្តិធម៌យ៉ាងខ្លាំងចំពោះខ្ញុំ បាទដែលជាអ្នកទិញស្របច្បាប់មានធ្វើការចុះបញ្ជីផ្ទេរត្រឹមត្រូវ ចំណែកឯឈ្មោះលឹម សូរីតា មានត្រឹមកិច្ចសន្យាទិញ លក់អចលនៈវត្ថុលេខចុះថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២៦ រវាងឈ្មោះលឹម សូរីតា និងឈ្មោះ ទឹង ចាន់ណា (ដែលជាកិច្ចសន្យាទិញលក់ឯកជនមិនមែនជាលិខិតដែលមានការទទួលស្គាល់ដោយអាជ្ញាធរទេ) ម្យ៉ាងទៀតចំពោះទីតាំងដី ខាងលើនេះគឺត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺចេញដីការរក្សាការពារលេខ ១៤៥(ក) ចុះថ្ងៃទី១១ខែមីនា២០២៤ ផងដែរ ហើយខ្ញុំបាទក៏កំពុងធ្វើការប្តឹងតវ៉ាផងដែល។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ជាទីគោរព និងជាទីសង្ឃឹមរបស់យើងខ្ញុំជាអ្នកវិនិ យោគ មេត្តាជ្រាបថា លិខិតលេខ ២៨៣ដនស/ខុទ្ទ.ចុះថ្ងៃទី ០៣ ខែកុម្ភៈ ២០២៦ របស់ក្រសួងដែនដី គឺជាការ សម្រេចមិនត្រឹមត្រូវ ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រោះថា ៖
១-ដីនេះត្រូវបានចុះបញ្ជីមកជាកម្មសិទ្ធិរបស់ខ្ញុំបាទដោយអាជ្ញាធរស្របច្បាប់របស់កម្ពុជា មិនមែនខ្ញុំបាទជា ប្រជាជនទៅចុះបញ្ជី ឬទៅកែប្រែទិន្ន័យ ដោយខ្លួទនឯងទេ បើសិនជាកំហុសមន្ត្រីណាមួយ គប្បីអោយកែតម្រូវការខ្វះខាតទាំងនោះអោយខ្ញុំបាទជាម្ចាស់កម្មសិទ្ធិនៅតែជាម្ចាស់កម្មសិទ្ធិដដែល មិនមែនដោយសារតែជាកំហុសមន្ត្រី បច្ចេកទេសរបស់មន្ត្រីសុរិយោដី ហើយក្រសួងដែនដីបែរជា មោឃៈកម្មសិទ្ធិរបស់ខ្ញុំបាទ ជាជាងនេះតទៅទៀតបាន ប្រគល់ដីទាំង៤បណ្ណ័នេះ ទៅ អោយឈ្មោះ លឹម សូរីតា ជាម្ចាស់សិទ្ធិកម្មសិទ្ធិទៅវិញ ដោយគ្រាន់សំអាងលើលើលិខិត លក់ទិញ ជាឯកជន របស់អ្នកទិញឈ្មោះ លឹម សូរិតា និងអ្នកលក់ឈ្មោះ ទឹង ចាន់ណា ប៉ុណ្ណោះ តើជាការជាសមហេតុ ផលទេ ? ចុះខ្ញុំបាទបានទិញពីឈ្មោះ ទឹង ចាន់ណាអស់ប្រាក់ជាង ៨០ម៉ឺនដុល្លាអាមេរិក និងមានការទទួលស្គាល់ ដោយអាជ្ញាធរឃុំ និងចុះបញ្ជីតាមច្បាប់ដីធ្លី មិនមែនជាម្ចាស់កម្មសិទ្ធិ តើជាអ្វី ទៅវិញ ?
២-ដីនេះត្រូវបានឈ្មោះ លឹម សូរីតា បានប្តឹងសុំមកសាលាដំបូងខេត្តកំពង់ស្ពឺ អោយចេញរក្សាការពារចុះលេខ ១៤៥(ក) ចុះថ្ងៃទី១១ខែមីនា២០២៤ ហើយបានអនុវត្តចុះបញ្ជីរឹបអូសរួចហើយជាស្រេចទៀត ដែលខ្ញុំបាទកំពុងតែ ធ្វើការតវ៉ាតាមច្បាប់ដែលកំពុងដំណើរការតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តែហេតុអ្វីបានជាមានការចេញ បណ័្ណកម្មសិទ្ធិលើដីទាំង៤បណ្ណ័នេះ ទៅឈ្មោះ លឹម សុរីតា ដោយមិនលុបដីការក្សាការពារ ដែលនៅមានសុពលភាព នៅឡើយ ហេតុអីបានជាអាចផ្ទេរកម្មសិទ្ធិបានដោយរំលង ដីកាសម្រេចរក្សាការពាររបស់តុលាការ ?
៣-ទំនាស់លើអចលនវត្ថុដែលមានបណ្ណកម្មសិទ្ធិ គឺជាសមត្ថកិច្ចរបស់តុលាការ និងកំពុងស្ថិតនៅក្នុងនិតិវិធី តុលាការដែលកំពុងនីតិវិធីដែលនៅជាធរមាន ហេតុអ្វីបានជាក្រសួងដែនដី ចេញលិខិតមោឃៈបណ្ណ័សំគាល់អចលនវត្ថុ របស់ ខ្ញុំបាទ ដែលរឿងក្តីទាមទារនេះដីនេះ កំពុងស្ថិតនៅក្នុងចំណាត់ការរបស់តុលាការទៅវិញ ? ហេតុដូច្នេះហើយក្នុងនាមខ្ញុំបាទជាជនបរទេសម្នាក់ ជាអ្នកវិនិយោគជនជាតិចិនម្នាក់ ដែលទទួលបានសញ្ជាតិ ខ្មែរ និងកំពុងនាំ អ្នកវិនិយោគ មកដាក់ទុនវិនោយោគនៅក្នុងខេត្តកំពង់ស្ពឺ ខ្លាចរអាមិនហ៊ានបន្តការវិនិយោគទៀតទេ ប្រសិនបើរឿងដ៏អយុត្តិធម៌មួយនេះ មិនត្រូវបានដោះស្រាយ នោះឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយដោះស្រាយបញ្ហារបស់ខ្ញុំបាទ ដោយអោយក្រសួងដែនដី ប្រគល់ដីមកអោយខ្ញុំដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់ វិញ ដោយ អនុគ្រោះបំផុតផងចុះ ។ សូម ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ទទួលយកនូវការគោរពយ៉ាងជ្រាលជ្រៅអំពីខ្ញុំបាទ។
ធ្វើនៅក្រុងច្បារមន ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ស្នាមមេដៃស្តាំ ឆឹង សឺហ្វឹង ។
រាល់កាចុះផ្សាយនូវអត្តបទខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំកាបកស្រាយបំភ្លឺពីមន្ត្រី គ្រប់ភាគីពាក់ព័ន្ធ
រៀងរាល់ម៉ោងធ្វើការ ស្របតាមរបបស្តីពីច្បាប់អ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕
























